
សមិទ្ធផលនៃការអភិរក្ស សម្បត្តិធម្មជាតិ រមណីយដ្ឋានទឹកធ្លាក់ (ប្រជាសហគមន៍ធម្មជាតិ អូរគគីរ)•••••
សហគមន៍ធម្មជាតិ អូរគគីរ មានរមណីយដ្ឋានធម្មជាតិ ថ្មីស្រឡាងមួយដែលទើបនិងត្រូវអភិវឌ្ឍកែឆ្នៃដោយស្ថាបនិក ( ខ្មែរមួយរូប រួមជាមួយនិងបងប្អូនប្រជាសហគមន៍ ) ចំនួនជាង២០០គ្រួសារ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយនៅទីនោះមានកន្លែងកំសាន្តទឹកធ្លាក់ដ៏្រសស់ស្អាត គឺទឹកធ្លាក់សហគមន៍ធម្មជាតិអូរគគីរ ដែលមានសម្រស់ធម្មជាតិ អមទៅដោយព្រៃប្រឹក្សា ប្រៀបបីដូចជាឋានសួគ៌ អណ្ដែតលេីគីរីបុព្វតា ទាក់ទាញចក្ខុគយគន់មិនជិនណាយ ។
បើយើងធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ រមណីយដ្ឋានទឹកធ្លាក់ (ប្រជាសហគមន៍ធម្មជាតិ អូរគគីរ) គឺយើងត្រូវបន្តដំណើរ រហូតទៅដល់លោកយាយម៉ៅពេជ្រនិល រួចឆ្ពោះទៅមុខចម្ងាយ៣គីឡូម៉ែត្រ ហេីយយេីងក្រឡេកមើលទៅផ្នែកខាងឆ្វេងដៃ នោះលោកអ្នកនិងឃើញច្រកចូលរមណីយដ្ឋានមួយនេះជាក់ជាពុំខាន ។
នៅពេលដែលលោកអ្នកបានធ្វេីដំណើរដល់ច្រកចូលកាត់ស្ពានអូរជ្រលងបុព្វតា នោះលោកអ្នកនឹងបានឮសំឡេងយ៉ាងរណ្ដំ រងំអឺងកង ហេីយនោះគឺជាសម្លេងទឹកធ្លាក់ពីលើភ្នំ ដ៏ល្អឥតខ្ចោះ ហាក់បីដូចសណ្ដំអារម្មណ៍លោកអ្នកឱ្យស្ថិតក្នុងលំហ (ឋានសួគ៌) និងបានបំភ្លេចអស់នូវក្ដីកង្វល់ដែលធ្លាប់នឿយណាយ នោះហេីយលោកអ្នកនិងនឹកដល់ស្នាដៃ ព្រមទាំងស្ញេីចសរសេីរចំពោះការអភិវឌ្ឍ កកែឆ្នៃរបស់ស្ថាបនិកខ្មែរមួយរូបនេះ រួមជាមួយបងប្អូនប្រជាសហគមន៍ ដែលរស់នៅទីនេះផ្ទាល់ជាក់ជាពុំខាន ។
ទឹកធ្លាក់( សហគមន៍ធម្មជាតិអូរគគីរ ) បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនទៅកម្សាន្តជាបន្តបន្ទាប់ ទាំងថ្ងៃបុណ្យប្រពៃណីជាតិ និងថ្ងៃឈប់សំរាកផ្សេងៗ ចូលមកទស្សនា និងលំហែរកាយ ជាមួយទឹកធ្លាក់ដ៏ស្រស់ស្អាតមួយនេះ រួមទាំងទេសភាពជួរភ្នំដ៏ត្រកាល គួរឲ្យទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ ប្រៀបបានទៅនឹង ( ក្រមុំលាក់ខ្លួនរឺបុប្ផាលាក់សន្លឹកក្រពុំឈ្ងុយឈ្ងប់ក្រអូបសាយភាយក្រាលគ្របលេីស្បៃអន្តកាល ) នៅក្នុងជ្រលងបុព្វតាដ៏សែនស្រស់ស្អាតមួយនេះ រួមជាមួយ ទឹកធ្លាក់ដ៏ស្រស់ត្រកាល ដែលមានអាយុកាលជាង ៣,០០០ឆ្នាំមកហើយ ត្រូវនិងកំពុងបានអភិវឌ្ឍន៍ និង កែឆ្នៃដោយស្នាដៃរបស់ (ស្ថាបនិកខ្មែរមួយរូប) រួមជាមួយបងប្អូនប្រជាសហគមន៍ ធម្មជាតិអូរគគីរដែលតែងតែគោរពស្រលាញ់និងអោយតម្លៃទៅលើ ស្ថាបនិករូបនោះគ្រប់ៗគ្នា ។
បើនិយាយពីទិន្នភាពទឹកធ្លាក់ សហគមន៍ធម្មជាតិអូរគគីរនេះវិញ នៅពេលលោកអ្នក បានឡើងទៅដល់លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ដោយសារចំហាយទឹកធ្លាក់ និងផ្សែងពពក ដ៏ត្រជាក់ដូចទឹកអម្រឹតមកស្អំរាងកាយហាក់បីដូចជាហោះហើរលើវេហាដូច្នេះដែរ ហេីយនៅទីនោះមានកន្លែងសម្រាកអង្គុយលេង និងកញ្ចុះជាច្រេីន សម្រាប់សម្រាកព្រមទាំងអាចគេងលេង និង គយគន់ទេសភាពតាំងតែពីក្រោមរហូតដល់កពូលគីរីបុព្វតានោះ ដែលមានទេសភាពអមទៅដោយជំនោរត្រជាក់ៗ ដ៏ត្រកាលមួយនេះ លោកអ្នកអាចថតនិងផ្ដិតយករូបភាព និងចុះងូតទឹកលេងដ៏សែនត្រជាក់មួយនេះបានដោយរីករាយ ( ដោយសេរី ហើយនិង មិនគិតពីតំលៃសេវ៉ាឡើយ ) ជាពិសេស ទឹកធ្លាក់ សហគមន៍អូរគគីរ គឺមានលក់នូវអាហារខ្មែរ ឆ្ងាញ់ៗដែលបានរៀបចំនិងចំអិន ជូនដោយស្នាដៃបងប្អូនប្រជាសហគមន៍អូរគគីរ ដោយផ្ទាល់តែម្ដង។
ជាចុងក្រោយនៅក្នុងឱកាសនេះដែរ មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រេីនដែលបានទៅទស្សនា រួមជាមួយបងប្អូនប្រជាសហគមន៍ជាង២០០គ្រួសារ និងស្ថាបនិកខ្មែរមួយរូប ក្នុងតំបន់អូរគគីរនោះផ្ទាល់ បានធ្វេីការសំណូមពរ ដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់គ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេចអគ្គ សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយសង្គ្រោះ និងអភិរក្ស ព្រមទាំងមេត្តា ផ្ដល់នូវឱកាសឱ្យស្ថាបនិកខ្មែរមួយរូបនោះបានអភិវឌ្ឍកែឆ្នៃឱ្យរមណីយដ្ឋានមួយនេះទុកជាសម្បត្តិជាតិ គឺទឹកធ្លាក់ ប្រជាសហគមន៍ធម្មជាតិ អូរគគីរនេះ អោយទៅជាកេរ្ដ៍តំណែល សម្រាប់អោយកូនចៅជំនាន់ក្រោយបានស្គាល់នូវ សមិទ្ធផលនៃការអភិរក្ស សម្បត្តិធម្មជាតិ ក្រោមម្លប់ (សន្តិភាព) នៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គសេនាបតី តេជោហ៊ុនសែនជារៀងរហូតផង ។
( រៀបរៀងអត្តបទផ្សាយដោយ រដ្ឋា NTC )